ករណីមន្ត្រីនគរបាលព្រំដែនខេត្តកោះកុងបាញ់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ សមត្ថកិច្ចជំនាញកំណត់តម្រុយបានហេីយ និងឈានដល់ការចាប់ខ្លួនក្នុងពេលឆាប់ៗនេះ
កោះកុង៖ មានករណីបាញ់មនុស្សស្លាប់ម្នាក់ និងរបួសម្នាក់ ស្ថិតនៅ ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ មកដលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចមិនទាន់ចាប់ជនសង្ស័យបាននៅឡេីយទេ។ ករណីនេះមានការអះអាងថា បង្កឡើងដោយជនសង្ស័យឈ្មោះ សាយ សាន្ត ជាមន្ត្រីនគរបាលព្រំដែន ប្រើកាំភ្លើង AK បាញ់ចំនួន៤គ្រាប់ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ ១នាក់ និងស្លាប់១នាក់ កាលពីវេលាម៉ោង ៣:៣៥នាទី ដោយសារផឹកស៊ីទាស់ពាក្យសំដីគ្នា។
ទាក់ទងនឹងករណីឃាតកម្មដ៏សាហាវនេះ ស្នងការនគរបាលខេត្តកោះកុង លោកឧត្តមសេនីយ៍ទោ គង់ មនោ បានឱ្យដឹងថា សមត្ថកិច្ចកំពុងតែតាមចាប់ខ្លួនជនសង្ស័យហេីយដោយកម្លាំងសមត្ថកិច្ចមានតម្រុយហើយ នឹងចាប់ខ្លួនបានក្នុងពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង (របួសធ្ងន់) និងឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង (ស្លាប់នៅនឹងកន្លែង)៕