សន្តិសុខសង្គម

ផ្ទុះអាវុធច្រើនគ្រាប់ ក្រោយមានការរារាំងសមត្ថកិច្ចមិនឱ្យចាប់ខ្លួនអ្នកទទួលផលចោរកម្មនៅកំពង់ស្ពឺ

image

កំពង់ស្ពឺ៖ សមត្ថកិច្ចបានបង្ខំចិត្តបំផ្ទុះអាវុធជាច្រើនគ្រាប់ដើម្បីបំបែកហ្វូងមនុស្ស គ្រាដែលធ្វើការរារាំងមិនឱ្យសមត្ថកិច្ចចាប់ខ្លួនអ្នកទទួលផលចោរកម្មម្នាក់នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអាធ្រាតថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។

យោងតាមសម្តីរបស់សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កម្លាំងនគរបាលជំនាញខេត្តព្រៃវែងបានពន្លាតដែនសមត្ថកិច្ចដោយសហការជាមួយកម្លាំងមូលដ្ឋានស្រុកដើម្បីចាប់ខ្លួនមុខសញ្ញាទទួលផលចោរកម្ម។ នៅក្នុងប្រតិបត្តិការកម្លាំងជំនាញ បានឃាត់ខ្លួនបុរសម្នាក់ដែលជាអ្នកទទួលផលចោរកម្ម ក្រោយនាំខ្លួនចូលក្នុងរថយន្តស្រាប់តែមានហ្វូងមនុស្សបានធ្វើការឡោមព័ទ្ធ និងបានយករនាំងដែកមកបិទរថយន្តខាងលើមិនឱ្យចេញ និងហ្វូងមនុស្សបានបិទផ្លូវមិនឱ្យរថយន្តសមត្ថកិច្ចចាកចេញនិងរថយន្តផ្សេងទៀតធ្វើដំណើរបាន។

សកម្មភាពនៃហ្វូងមនុស្ស បានកកកុញធ្វើឱ្យរថយន្តសមត្ថកិច្ចជាប់គាំងជាច្រើនម៉ោង មិនអាចចេញពីកន្លែងប្រតិបត្តិការបាន ដោយស្ថានភាពតានតឹងកាន់តែខ្លាំង និងមានហ្វូងមនុស្សគ្រោងធ្វើរំដោះអ្នកទោស សមត្ថកិច្ចបានបង្ខំចិត្តផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីបំបែកហ្វូងមនុស្សទាំងនោះ ទីបំផុតសមត្ថកិច្ចក៏បាននាំខ្លួនជនល្មើសចេញពីហ្វូងមនុស្សទាំងនោះបាន។

សូមបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចអ្នកទទួលផលចោរកម្មបានសារភាពថា ឡាន Hyundai ដែលខ្លួនបានទទួលទិញពីជនល្មើសក្នុងតម្លៃ ១.៦០០ដុល្លារ ហើយខ្លួនបានលក់បន្ត បានប្រមាណ ២.៣០០ដុល្លារ ដោយបំបែកលក់ជាគ្រឿង។ កន្លងមកខ្លួនតែងតែទទួលទិញគ្រប់រថយន្តដែលគ្មានឯកសារ ទោះដឹងថារថយន្តនោះបានមកពីការលួចក៏ដោយ ហើយបំបែកលក់ជាគ្រឿងបន្លាស់ទៅវិញ។

សមត្ថកិច្ចបញ្ជាក់ថា ផ្តើមចេញពីកន្លែងនេះហើយ ដែលកម្លាំងនគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវករណីចោរលួចឡានមួយគ្រឿងនៅស្រុកពាមរក៏ ហើយឈានដល់ការចាប់ខ្លួនជនសង្ស័យនៅភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រហូតកើតបាតុភាពប្រជាពលរដ្ឋ ទៅឡោមព័ទ្ធឡានរបស់នគរបាលដែលដឹកជនល្មើស ដើម្បីចង់រំដោះយកចេញ នៅយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។ ដោយសារតែប្រជាពលរដ្ឋ តវ៉ាកាន់តែខ្លាំង ហើយឈានដល់ការបិទផ្លូវ ចាក់បំបែកកង់ឡាន និងវាយឡានរបស់នគរបាលបណ្តាលឱ្យខូចខាតទៀតនោះ ទើបកម្លាំងបានសម្រេចផ្ទុះអាវុធឡើងលើ ដើម្បីបំបែកក្បួនតវ៉ាតែម្តង។

ក្នុងនោះសមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស៣នាក់ ១-ឈ្មោះ​ កែវ​ ដារ៉ូ​ ភេទប្រុស​ អា​យុ​ ៣០ឆ្នាំ​ មុខរបរទិញលក់រថយន្ដ​ អ្នកទទួលផលចោរកម្ម,
២-ឈ្មោះ​ ថាត​ តេងណេង​ ភេទប្រុស​ អាយុ​ ២៦ឆ្នាំ​ អ្នករារាំង និង៣-ឈ្មោះ​ ហួន​ ង៉ែត​ ភេទប្រុស​ អាយុ​ ៥៦ឆ្នាំ​ អ្នករារាំង​។
សូមរំលឹកថា នៅវេលាម៉ោង ៤៖៣១នាទីទៀបភ្លឺថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៦ មានករណីចោរលួចរថយន្តមួយគ្រឿងម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3D-0908 ស្ថិតនៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង។

ក្រោយទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹងរបស់ជនរងគ្រោះម្ចាស់ឡាន, កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងនគរបាលខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជនល្មើសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

អត្ថបទ៖ ប៊ុត សារុន