ក្រសួងបរិស្ថាន អះអាងថា យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិករបស់កម្ពុជាទទួលបានជោគជ័យទូទាំងប្រទេស
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកបានសាយភាយនៅទូទាំងប្រទេស ដែលលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលរហូតមកដល់ពេលនេះ បានទាក់ទាញអ្នកចូលរួមជាង ១៤លាននាក់ និងនាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការប្រើប្រាស់ថង់ប្លាស្ទិក នេះបើយោងតាមការឱ្យដឹងពីក្រសួងបរិស្ថានរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា យុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” បានចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំដោយ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ យុទ្ធនាការបានចាប់ផ្តើមជាមួយសាលារៀនមួយ ហើយបានពង្រីកដល់ ១០សាលារៀន បន្ទាប់មកបានពង្រីកដល់មួយស្រុកមួយ មួយខេត្ត និងនៅទីបំផុតបានអនុវត្តនៅទូទាំងប្រទេស។ ក្រសួងបរិស្ថាន បានបញ្ជាក់ថា យុទ្ធនាការនេះបានកៀរគរប្រជាពលរដ្ឋចូលរួមចំនួនជាង ១៤លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស មានចំនួនប្រមាណ ១៧ លាននាក់ ហើយនេះបានឆ្លុះបញ្ចាំងពីការគាំទ្រពីសាធារណជនយ៉ាងទូលំទូលាយ។
ជាលទ្ធផលការនាំចូលប្លាស្ទិក និងផលិតកម្មក្នុងស្រុកបានធ្លាក់ចុះ ៨៤.៥% ដែលជាការថយចុះគួរឱ្យកត់សម្គាល់នៃសំណល់ប្លាស្ទិក និងការបំពុល នេះបើយោងតាមមន្ត្រីជំនាញក្រសួងបរិស្ថានបានត្រួតពិនិត្យ និងតាមដាននាពេលកន្លងមក។ សមិទ្ធផលដ៏សំខាន់បំផុតមួយរបស់យុទ្ធនាការនេះ គឺការចូលរួមរបស់សិស្សានុសិស្សទូទាំងប្រទេស ដោយបានចាត់ទុកថា ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករយៈពេលវែង។ នៅពេលដែលយុវជនជំនាន់ក្រោយទទួលយកទម្លាប់ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ពួកគេត្រូវបានគេរំពឹងថា នឹងអនុវត្តទម្លាប់ស្អាតចាប់ពីពេលនេះ រហូតដល់ធំពេញវ័យ ហើយបន្តទៅមនុស្សជំនាន់ក្រោយ។
ក្រសួងបរិស្ថានបានចាត់ទុកថា សិស្សានុសិស្ស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ផ្សព្វផ្សាយ ដ៏មានឥទ្ធិពល ដែលនាំឱ្យមានការផ្លាស់ប្តូរឥរិយាបថអ្នកនៅនៅផ្ទះថែមទៀត ដោយជួយផ្លាស់ប្តូរអាកប្បកិរិយាក្នុងចំណោមឪពុកម្តាយ និងបងប្អូន ក្នុងគ្រួសារ និងសហគមន៍ ឆ្ពោះទៅរកការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ គំនិតផ្តួចផ្តើមនេះ បានជួយបង្កើនការយល់ដឹងអំពីបរិស្ថានយ៉ាងសំខាន់ និងត្រូវបានគេមើលឃើញថា ជាជំហានមួយសម្រាប់យុទ្ធនាការប្រកបដោយនិរន្តរភាព បន្តទៅពេលខាងមុខ បន្ថែមទៀតក្នុងគោលបំណងកាត់បន្ថយការបំពុលនៅទូទាំងប្រទេស៕