អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងកសិកម្ម រួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង App NoDrug ក្នុងព្រឹត្តិការណ៍ប្រកួតវោហារកោសល
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀន និង App NoDrug ក្នុងវគ្គផ្សព្វផ្សាយបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន និងការប្រកួតវោហាកោសល្យដល់និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្រោមវត្តមានលោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអង្គភាពទាំងពីរ និងនិស្សិតសរុបជាង ២០០នាក់។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបានពាំនាំនៅប្រសាសន៍លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនដល់ថ្នាក់ដឹកនាំក្រសួងដែលបានយកចិត្តទុកដាក់ចូលរួមអនុវត្តនូវបទបញ្ជាលេខ ០១ បប ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាយុទ្ធសាស្ត្រពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ព្រឹត្តិការណ៍ផ្សព្វផ្សាយ ក៏ដូចជាការប្រកួតវោហាកោសល្យនេះ និស្សិត នឹងទទួលចំណេះដឹងពាក់ព័ន្ធបញ្ហាគ្រឿងញៀនក៏ដូចជាអត្ថប្រយោជន៍ពីការប្រើប្រាស់ App NoDrug អ្នករាយការណ៍មានសុវត្ថិភាព 100% គ្មានអត្តសញ្ញាណសម្រាប់ឲ្យគេសង្ស័យ ឬសងសឹកឡើយ។
លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងអំណរគុណដល់ក្រសួង ដែលបានចូលរួមចំណែកបង្ការទប់ស្កាត់បាននូវការរីករាលដាលនៃមេរោគអេដស៍ជំងឺអេដស៍ក្នុងក្របខណ្ឌក្រសួង។
ថ្លែងក្នុងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសនោះ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អាជ្ញាធរទាំងពីរ ដោយលោក លើកឡើងថា បញ្ហាគ្រឿងញៀន បញ្ហាជំងឺអេដស៍ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហារួមដែលត្រូវតែរួមគ្នាធ្វើការបង្ការទប់ស្កាត់ដើម្បីអនាគតយើង ក្រុមគ្រួសារយើង និងសហគមន៍យើង ។
ជាមួយគ្នានេះ លោក គង់ ច័ន្ទវាសនា បានបន្តថា ការងារផ្សព្វផ្សាយ ក៏ដូចជាការប្រកួតវោហាកោសល្យ ពិតជាមានសារសំខាន់និងទាក់ទាញចំណាប់អារម្មណ៍ពីនិស្សិតទាំងអស់សិក្សាស្រាវជ្រាវចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនមក៏ដូចជា App NoDrug សម្រាប់ចូលរួមប្រកួតលើកកម្ពស់ការបានការយល់ដឹងកាន់តែទូលំទូលាយពីផលប៉ះពាល់នៃគ្រឿងញៀន និងធានាបាននូវសុខុមាលភាពមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងនិស្សិតនៅក្រោមការគ្រប់គ្រងនៃគ្រឹះស្ថានសិក្សាក្រោមឱវាទក្រសួងផងដែរ។
លោករដ្ឋលេខាធិការ បានលើកឡើងថា “យើងទាំងអស់គ្នា ត្រូវតែរួមសហការគ្នាធ្វើយ៉ាងណាឱ្យជីវិតយើង និងសហគមន៍យើងគ្មានគ្រឿងញៀន ពោលគឺការលុបបំបាត់គ្រឿងញៀន ដោយផ្តើមចេញពីយើងទាំងអស់គ្នា”។ លោក បានលើកទឹកចិត្តបន្ថែមដល់និស្សិតទាំងអស់ ឱ្យបដិសេធគ្រឿងញៀន និងបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ ស្របតាមទិសស្លោក "កូនល្អ មិត្តល្អ និស្សិតល្អ ពលរដ្ឋល្អ និងអនាគតទំពាំងស្នងឫស្សីល្អរបស់កម្ពុជា"៕