អាជ្ញាធររាជធានីភ្នំពេញ បានសម្របសម្រួលដោយជោគជ័យករណីការតវ៉ារបស់ក្រុមអ្នករត់កង់បី និងក្រុមហ៊ុន Grab លើបញ្ហាកម្រៃជើងសារ
ភ្នំពេញ៖ ក្រោយពីមានកិច្ចប្រជុំស្ដីពីការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងករណីពិនិត្យលើសំណើសុំកែប្រែអត្រាកម្រៃជើងសារ និងថ្លៃដឹកជញ្ជូនរបស់អ្នករត់កង់បី និងតាក់ស៊ី ជាមួយក្រុមហ៊ុន Grab នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ, ជាលទ្ធផលភាគីទាំងពីរ បានឯកភាពគ្នា ដោយភាគីក្រុមហ៊ុន ទទួលយកសំណូមពររបស់តំណាងអ្នករត់កង់បី ក្នុងការផ្ដល់កម្រៃសមស្របជាបណ្តោះអាសន្ន ក្នុងរង្វង់នៃការស្នើសុំ និងកម្រៃជើងសារក្នុងរង្វង់នៃកម្រៃជើងសារ ដែលបានស្នើសុំ ដើម្បីយកទៅកែសម្រួលប្រព័ន្ធគ្រប់គ្រង (Systems)។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដោយយោងតាមគោលការណ៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងដោយមានការចូលរួមពីលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំស្ដីពីការសម្របសម្រួលករណីពិនិត្យលើសំណើរសុំកែប្រែអត្រាកម្រៃជើងសារ និងថ្លៃដឹកជញ្ជូនរបស់អ្នករត់កង់បី និងតាក់ស៊ី ជាមួយក្រុមហ៊ុន Grab។
ជាលទ្ធផល ក្រោយពីបានពិភាក្សាសម្របសម្រួលយ៉ាងល្អិតល្អន់រួចមក ភាគីទាំងពីរ បានឯកភាពគ្នា ដូចខាងក្រោម៖
១៖ ភាគីទាំងពីរ បានឯកភាពគ្នាដោយភាគីក្រុមហ៊ុនទទួលយកសំណូមពររបស់តំណាងអ្នករត់កង់បី ក្នុងការផ្ដល់កម្រៃសមស្របជាបណ្តោះអាសន្នក្នុងរង្វង់នៃការស្នើសុំ និងកម្រៃជើងសារ ក្នុងរង្វង់នៃកម្រៃជើងសារ ដែលបានស្នើសុំដើម្បីយកទៅកែសម្រួលប្រព័ន្ធគ្រប់គ្រង (Systems)។
២៖ ភាគីក្រុមហ៊ុន បានឯកភាព នឹងធ្វើសេចក្ដីប្រកាសរួមពីការទទួលយកសំណើក្នុងការផ្ដល់កម្រៃជាបណ្ដោះអាសន្នតាមការស្នើសុំក្នុងរង្វង់ ១,២០០រៀល ក្នុងមួយគីឡូម៉ែត្រ និងកាត់កម្រៃជើងសារ ក្នុងរង្វង់ជាមធ្យម ១៥% ក្នុងមួយថ្ងៃ ចំពោះករណីមានការកាត់កម្រៃជើងសារលើស ១៥% ក្រុមហ៊ុន Grab នឹងទូទាត់ប្រាក់កម្រៃសេវាត្រឡប់ឲ្យគ្រប់ ១៥% ដល់អ្នកបើកបរវិញ នៅថ្ងៃបន្ទាប់។
៣៖ អ្នកបើកបរ ត្រូវជួយបើកអនឡាញឲ្យបានច្រើនម៉ោង តាមការស្នើសុំរបស់ក្រុមហ៊ុន។
៤៖ ក្នុងករណីភាគីក្រុមហ៊ុន មានការកែប្រែប្រព័ន្ធគ្រប់គ្រង (Systems) នោះ ត្រូវជូនដំណឹងដល់អ្នករត់កង់បីជាមុន ដើម្បីចៀសវាងកើតមានឡើងនូវបាតុភាពផ្សេងៗ។
៥៖ ភាគីក្រុមហ៊ុន បានឯកភាពក្នុងការបើក App ជូនដល់អ្នកបើកបរមួយចំនួនដែលចូលរួមធ្វើពហិការ និងចែកចាយមាតិកា មិនសមរម្យជាសាធារណៈ លើងលែងតែដៃគូ ដៃមានបញ្ហាគុណភាពសេវាកម្ម និងសុវត្ថិភាព នឹងមិនបើកជូនវិញឡើយ។
៦៖ ប្រធានអង្គប្រជុំបានណែនាំដល់អ្នករត់កង់បី មិនត្រូវធ្វើអ្វី ដែលនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សន្តិសុខ សាធារណៈ ក្នុងរាជធានីភ្នំពេញ។ ក្នុងករណីមានបាតុភាពណាមួយនោះ ត្រូវដាក់លិខិតស្នើសុំជាលាយលក្ខអក្សរ ទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយជូន៕