មនុស្ស៨នាក់ស្លាប់ និងជិត១០០នាក់រងរបួស ក្រោយការវាយប្រហាររបស់អាម៉េរិក លើស្ពានដែលកំពុងសាងសង់នៅអ៊ីរ៉ង់
អ៊ីរ៉ង់៖ មានការបញ្ចេញវីដេអូនៃការបំផ្លិចបំផ្លាញស្ពាន B1 ដែលជាស្ពានយុទ្ធសាស្ត្រដ៏ធំមួយតភ្ជាប់ទីក្រុងតេហ៍រ៉ង់ ទៅកាន់ទីក្រុងការ៉ាច (Karaj) ដែលជាតំបន់ក្បែរខាង។ យោងតាមរបាយការណ៍ បន្ថែមថា ការវាយប្រហារលើស្ពានដែលកំពុងសាងសង់មិនទាន់បានសម្ពោធនេះ បានបណ្ដាលឱ្យមានមនុស្ស ៨ នាក់ស្លាប់ និង ៩៥ នាក់ផ្សេងទៀតរងរបួស។ សកម្មភាពនេះ ធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងជុំវិញការកំណត់គោលដៅលើសំណង់ស៊ីវិល ដែលអាចជាការរំលោភបំពានលើច្បាប់សង្គ្រាមអន្តរជាតិ ។
បន្ទាប់ពីមានដំណឹងនៃការវាយប្រហារទីតាំងជនស៊ីវិលខាងលើ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបន្តផ្ញើសារព្រមានដោយបង្កើនការគំរាមកំហែងផ្នែកយោធាយ៉ាងខ្លាំងក្លាទៅលើប្រទេសអ៊ីរ៉ង់។ ក្នុងនោះ លោកបញ្ជាក់ថា ការវាយប្រហារកន្លងមកគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ លោកបានធ្វើការព្រមានជាចំហថា គោលដៅបន្ទាប់របស់កងទ័ពអាម៉េរិក គឺការកម្ទេចស្ពាន និងរោងចក្រថាមពលអគ្គិសនីសំខាន់ៗនៅទូទាំងប្រទេស ដើម្បីបង្ខំឱ្យរដ្ឋាភិបាលទីក្រុងតេហ៍រ៉ង់ ធ្វើការសម្រេចចិត្តឱ្យបានឆាប់រហ័សតាមការចង់បានរបស់លោក ។
ជុំវិញសកម្មភាពនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានចេញមុខថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះសកម្មភាពរបស់អាម៉េរិក និងអ៊ីស្រាអ៊ែល ដោយលោកចាត់ទុកថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាសញ្ញានៃការធ្លាក់ចុះសីលធម៌ និងភាពទាល់ច្រករបស់សត្រូវ។ លោកសង្កត់ធ្ងន់ថា ទោះបីជាមានការបំផ្លិចបំផ្លាញសំណង់សាធារណៈយ៉ាងណាក៏ដោយ ក៏វានឹងមិនអាចធ្វើឱ្យស្មារតីរបស់ប្រជាជនអ៊ីរ៉ង់ចុះខ្សោយ ឬបង្ខំឱ្យប្រទេសនេះសុំចុះចាញ់បានឡើយ ។
ស្ថានការណ៍រវាងមហាអំណាចទាំងពីរ បានឈានដល់ចំណុចគ្រោះថ្នាក់បំផុត ខណៈយុទ្ធនាការយោធាកាន់តែបង្វែរទៅរកការបំផ្លាញសសរទ្រូងសេដ្ឋកិច្ច និងទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋស្លូតត្រង់។ ពិភពលោក កំពុងតាមដានយ៉ាងដិតដល់នូវជំហានបន្ទាប់របស់លោក ត្រាំ និងការវាយបករបស់អ៊ីរ៉ង់ ដែលអាចនឹងធ្វើឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ក្នុងសង្គ្រាមទ្រង់ទ្រាយធំកាន់តែខ្លាំង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Al Jazeera | រូបភាព៖ (Vahid Salemi/AP)/ OSINTdefender