មនុស្ស ១២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទុះស្ថានីយបញ្ចូលឧស្ម័នមួយកន្លែង ក្នុងតំបន់ បេកាស៊ី ប្រទេសឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ គ្រោះថ្នាក់ផ្ទុះឧស្ម័នដ៏រន្ធត់នៅក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែង ក្នុងតំបន់ បេកាស៊ី (Bekasi) ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃពុធ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១២ នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះ បានបង្កឱ្យមានអណ្ដាតភ្លើង និងផ្សែងខ្មៅយ៉ាងក្រាស់ក្របដណ្ដប់លើស្ថានីយបញ្ចូលឧស្ម័ន (LPG) ស៊ីមូនីង (Cimuning) ដែលធ្វើឱ្យក្រុមពន្លត់អគ្គិភ័យ ត្រូវប្រើប្រាស់កម្លាំងយ៉ាងច្រើនដើម្បីគ្រប់គ្រងស្ថានការណ៍ ។
តាមសាក្សីនៅឯទីកន្លែងកើតហេតុ មុនពេលផ្ទុះមានការធំក្លិនឧស្ម័នយ៉ាងខ្លាំង ហើយមានអ័ព្ទឧស្ម័នហុយឡើងខ្ពស់ពីដី។ ភ្លាមៗនោះ សំឡេងផ្ទុះដ៏ខ្លាំងៗចំនួន ៣ ដងបានបន្លឺឡើង ដែលប្រជាពលរដ្ឋខ្លះប្រៀបប្រដូចទៅនឹងសំឡេងគ្រាប់បែក ឬការរញ្ជួយដី ដែលធ្វើឱ្យកម្ទេចកម្ទីអគារខ្ទាតរាយប៉ាយពេញទីតាំងកើតហេតុ និងនៅលើផ្លូវសាធារណៈ ។
ផលប៉ះពាល់នៃអគ្គិភ័យនេះ បានធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ មានការភ័យខ្លាចយ៉ាងខ្លាំង និងបង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅឋានជាបន្ទាន់ដើម្បីសុវត្ថិភាព។ របាយការណ៍បឋម បានបង្ហាញថា អ្នករងរបួសទាំង ១២ នាក់កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ខណៈដែលទ្រព្យសម្បត្តិ និងសម្ភារៈនៅក្នុងស្ថានីយត្រូវបានបំផ្លាញស្ទើរទាំងស្រុង ។
អាជ្ញាធរមូលដ្ឋាន កំពុងបន្តការស៊ើបអង្កេតយ៉ាងដិតដល់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ បើទោះបីជាការសន្និដ្ឋានបឋមបង្ហាញថាបណ្ដាលមកពីការលេចធ្លាយឧស្ម័នក៏ដោយ។ ហេតុការណ៍នេះ បានក្លាយជាសារដាស់តឿនយ៉ាងសំខាន់ អំពីសុវត្ថិភាពបច្ចេកទេសនៅតាមស្ថានីយឥន្ធនៈ ដែលអាចបង្កជាគ្រោះមហន្តរាយដល់សហគមន៍ជុំវិញ ប្រសិនបើមានការធ្វេសប្រហែស ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.